ដើម្បីអាចលក់គេហដ្ឋានផ្ទាល់ខ្លួនបានតម្លៃខ្ពស់ និងមានគេដណ្ដើមទិញ អ្នកគួរតែពិនិត្យមើល និងកែលម្អអ្វីដែលជាចំណុចបន្ទាបតម្លៃផ្ទះរបស់អ្នកចេញ។ វាពិតជាពិបាកណាស់ នៅក្នុងការលក់ផ្ទះដែលចាស់ ឬមិនស្អាត មិនទាក់ទាញ បានក្នុងតម្លៃថ្លៃ។ ថ្ងៃនេះ #LuyBook ពាំនាំគន្លឹះមួយចំនួនដើម្បីជួយអ្នកឲ្យលក់ផ្ទះបានក្នុងតម្លៃល្អបំផុតដូចខាងក្រោម៖
១. ដឹងពីតម្លៃពិតប្រាកដនៃផ្ទះរបស់អ្នក
ជំហានដំបូងដែលអ្នកគួរធ្វើ គឺធ្វើការកំណត់តម្លៃផ្ទះរបស់អ្នកឲ្យបានច្បាស់។ អ្នកប្រហែលជាមានអនុស្សាវរីយ៍ច្រើននៅផ្ទះរបស់អ្នក។ អ្នកអាចនឹងកើត និងធំធាត់នៅទីនេះ ឬជាផ្ទះដែលអ្នកបានចំណាយពេលវេលាច្រើនជាមួយក្រុមគ្រួសារ បងប្អូន មិត្ដភក្ដិ របស់អ្នក។ អនុស្សាវរីយ៍ទាំងអស់នេះ អាចជួយឲ្យអ្នកកំណត់តម្លៃផ្ទះរបស់អ្នកបានមួយផ្នែកផងដែរ ក្រៅអំពីថ្លៃដើមទិញ ថ្លៃសាងសង់ ថ្លៃសម្ភារៈផ្សេងៗជាដើម។ ម្ចាស់ផ្ទះភាគច្រើន គឺតែងតែដាក់តម្លៃច្រើនលើសពីតម្លៃពិតប្រាកដនៃផ្ទះរបស់ខ្លួន ដែលធ្វើឲ្យមានការពិបាកលក់ចេញ។ ដូច្នេះ អ្នកចាំបាច់ត្រូវកំណត់ឲ្យបានត្រឹមត្រូវ។ វាជារឿងល្អ ដែលអ្នកគួរតែស្វែងរកអ្នកជំនាញខាងអចលនទ្រព្យដើម្បីជួយធ្វើការវាយតម្លៃ និងប្រឹក្សាយោបល់។
២. ជ្រើសរើស ភ្នាក់ងារចុះបញ្ជី(Listing Agent)ឲ្យបានត្រឹមត្រូវ
ភ្នាក់ងារចុះបញ្ជី(Listing Agent) គឺសំដៅដល់ភា្នក់ងារអចលនទ្រព្យដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលជាអ្នកតំណាងឲ្យអ្នកលក់នៅក្នុងប្រតិបត្ដិការមួយ។ ពួកគេមានតួនាទីជួយបង្ហាញផ្លូវបន្ថែមដល់អ្នកលក់នៅក្នុងដំណើរការលក់ ដែលអាចជាការវិភាគទីផ្សារអចលនទ្រព្យ ឬតម្លៃ ធ្វើការផ្សព្វផ្សាយ និងនាំភ្ញៀវពិនិត្យមើលអចលនទ្រព្យ រួមទាំងចចារទិញលក់ដែលធ្វើយ៉ាងណាឲ្យម្ចាស់អចលនទ្រព្យទទួលបានតម្លៃល្អបំផុត។ ដូច្នេះ អ្នកគួរតែរកក្រុមហ៊ុមដែលផ្ដល់សេវាកម្មនេះដែលសាកសម ដើម្បីជួយអ្នកនៅក្នុងការលក់ផ្ទះរបស់អ្នកនៅក្នុងទីផ្សារ។
៣. រៀបចំផ្ទះរបស់អ្នកឡើងវិញ រួមទាំងដករបស់ផ្ទាល់របស់អ្នកចេញឲ្យអស់
តម្លៃផ្ទះរបស់អ្នកអាចនឹងកើនឡើង ឬជួយបន្ទន់ចិត្ដអ្នកទិញឲ្យចង់បានផ្ទះរបស់អ្នក នៅពេលដែលផ្ទះរបស់អ្នកស្អាត ល្អ និងថ្មី។ អ្នកគួរដឹងថា អ្វីដែលអ្នកគិតថាល្អ និងចូលចិត្ដ អតិថិជនរបស់អ្នកមិនប្រាកដថាចូលចិត្ដនោះទេ។ អ្នកគួរតែរៀបចំផ្ទះរបស់អ្នកឲ្យដូចជាផ្ទះដែលទៀតសង់ហើយ មិនមានអ្វីដែលប្រែប្រួល ពោលគឺធ្វើឲ្យវាមានលក្ខណៈធម្មជាតិតាមដែលអាចធ្វើបាន។ លុបការគូសជញ្ជាំងឬ ពណ៌ជញ្ជាំងដែលអ្នកចូលចិត្ដចេញ។ ការតុបតែ គ្រឿងសង្ហារិម គួរសម្អាត និងរៀបចំឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញ។
៤. ពិនិត្យមើលអ្វីដែលគួរជួលជុលឡើងវិញ និងដូរថ្មី
ប្រសិនបើផ្ទះរបស់អ្នកមានសភាពល្អ ស្អាត នោះអ្នកអាចនឹងទទួលបានតម្លៃលក់ខ្ពស់បំផុត។ អ្វីដែលអ្នកគួរពិនិត្យមើលគឺ ថ្នាំពណ៌ផ្ទះ ថាតើមានភាពស្រអាប់ របក ឬត្រូវដូរពណ៌ថ្មី។ សម្ភារៈផ្ទះបាយ អ្នកទិញគេតែងរំពឹងថាសម្ភារៈ ឧបករណ៍ប្រើប្រាស់ផ្សេងៗរបស់អ្នកគឺអាចប្រើបាន។ ប្រសិនបើ ជើងក្រាន កន្លែងលាងចាន របស់អ្នកមិនស្អាត ឬមានទ្រង់ទ្រាយមិនល្អ អ្នកគួរតែកែកុនវាឡើងវិញតាមដែលអាចទៅរួច។ បន្ទប់ទឹក ក៏ជារឿងសំខាន់ដែរ អ្នកគួរតែសម្អាត និងរៀបចំសម្ភារៈដែលចាំបាច់ប្រើប្រាស់ឲ្យបានល្អប្រសើរ។ អំពូលភ្លើង គួរតែផ្លាស់ប្ដូរអំពូលណាដែលខូច ឬដាក់បន្ថែមកន្លែងណាគួរដាក់ និងអាចប្រើអំពូលប្រភេទ LED ដើម្បីសន្សំភ្លើងផងដែរ។ អ្នកក៏គួរពិនិត្យមើលដំបូលផ្ទះរបស់អ្នក ប្រសិនមានការលេចធ្លាយ គួរធ្វើការជួសជុលឲ្យបានជិតស្អាត។
៥. ជួសជុលសួនច្បារ និងទីធ្លាផ្ទះរបស់អ្នក ប្រសិនបើមាន
ដើម្បីឲ្យអតិថិជនកាន់តែពេញចិត្ដ និងហ៊ានឲ្យថ្លៃខ្ពស់អ្នកគួរចំណាយកម្លាំងបន្ដិចដើម្បីធ្វើការតុបតែងសួនច្បារ និងសម្អាតទីធ្លាមុខ និងក្រោយផ្ទះរបស់អ្នកឲ្យបានស្អាត។ និយាយរួមគឺធ្វើយ៉ាងណាឲ្យមានផាសុកភាពល្អ នៅក្នុងការរស់នៅ។
៦. សម្អាតក្លិន និងប្រភពក្លិនមិនល្អផ្សេងៗ
អ្នកអាចជាមិនចាប់អារម្មណ៍ថាមានក្លិនមិនល្អនៅក្នុងផ្ទះ ឬបរិវេនផ្ទះរបស់អ្នក ដូចជាក្លិនសត្វចញ្ចឹមរបស់អ្នក ក្លិនពីធុងសំរាម ឬកន្លែងដាក់សំរាមជាដើម ព្រោះអ្នកបានសាំនឹងវារួចទៅហើយ។ ដូច្នេះ គួរធ្វើការប្រយ័ត្ន និងលុបបំបាត់ក្លិនទាំងនោះឲ្យអស់ មុននឹងអនុញ្ញាតឲ្យអតិថិជនចូលមើល និងពិនិត្យផ្ទះរបស់អ្នក។
សរុបមក ប្រសិនបើអ្នកមានបំណងលក់ផ្ទះ និងដើម្បីទទួលបានតម្លៃល្អ អ្នកគួរតែពិនិត្យមើលលើចំណុចខ្វះខាត ឬចំណុចដែលអាចបន្ទាបតម្លៃផ្ទះរបស់អ្នក ដើម្បីធ្វើការកែលំអឡើងវិញ។ ប្រសិនបើផ្ទះរបស់អ្នក ល្អ ស្អាត នោះអ្នកអាចនឹងឆាប់លក់ដាច់ និងទទួលបានតម្លៃខ្ពស់ទៀត។
———————————————————————–
ប្រភព៖https://www.rocketmortgage.com/learn/how-to-get-your-house-ready-to-sell