fbpx
person in beige long sleeve shirt using macbook pro

តុល្យភាពការងារ និងជីវិត គឺមានអត្ថន័យផ្សេងៗគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ប៉ុន្ដែមានគោលដៅរួមមួយគឺការរស់នៅប្រកបដោយសុភមង្គល មានសុខភាពល្អ មានសេរីភាព និងអាជីពការងារមានភាពរីកចម្រើន។ មានមនុស្សច្រើនណាស់ ដែលចង់សម្រេចបាននូវតុល្យភាពការងារ និងជីវិតនេះ ហើយថ្ងៃនេះ #LuyBook នឹងណែនាំគន្លឹះមួយចំនួនដើម្បីឈានទៅសម្រេចគោលដៅនេះ៖

១. ជម្រុះសកម្មភាពណាដែលធ្វើឲ្យអ្នកខាតបង់ពេលវេលា និងថាមពលចោល

អ្នកអាចធ្វើការសាកល្បងប្រមូលរាល់សកម្មភាពទាំងឡាយណាដែលអ្នកតែងតែធ្វើប្រចាំថ្ងៃ ហើយមិនមានប្រយោជន៍សម្រាប់អាជីពការងាររបស់អ្នកមកដាក់រួមគ្នាមួយដុំ ហើយធ្វើការកំណត់ពេលវេលាណាមួយសម្រាប់ឲ្យអ្នកចំណាយលើរឿងទាំងអស់នោះ។ ឧទារហណ៍ ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងបានចំណាយពេលច្រើនម៉ោងនៅក្នុង១ថ្ងៃទៅលើបណ្ដាញសង្គម Facebook ឬផ្សេងៗ អ្នកគួរតែធ្វើការកំណត់ពេលវេលាជាក់លាក់ណាមួយសម្រាប់ប្រើប្រាស់បណ្ដាញសង្គមទាំងនោះ ដូចជា ១ម៉ោង ឬ១ម៉ោងកន្លះបានហើយក្នុង១ថ្ងៃ។

២. រកពេលសម្រាប់ហាត់ប្រាណ ឬធ្វើសមាធិ

ការសិក្សាបានរកឃើញថា ការធ្វើលំហាត់ប្រាណគឺអាចជួយឲ្យមានការបញ្ចេញអរម៉ូនអង់ដូហ្វីនដែលអាចឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ, បង្កើនថាមពល និងបង្កើនសមត្ថភាពក្នុងការផ្ដោតអារម្មណ៍ផងដែរ។ ប្រសិនបើអ្នកមិនចូលចិត្ដទៅGym អ្នកអាចឆ្លៀតដើរពេលព្រឹកនៅជិតៗផ្ទះ មុនពេលទៅធ្វើការ នោះវានឹងធ្វើឲ្យអារម្មណ៍របស់មានភាពប្រសើរឡើង។ ពេលខ្លះអ្នកអាចរកពេលសាកសមណាមួយ ដើម្បីសមាធិនៅផ្ទះ ឬនៅកន្លែងណាដែលស្ងប់ស្ងាត់។ ការធ្វើសមាធិនឹងជួយឲ្យថាមពលផ្លូវចិត្ដរបស់អ្នកកាន់តែរឹងមាំ និងកាត់បន្ថយសម្ពាធផ្សេងៗដែលកើតចេញពីការងាររបស់អ្នក។

៣. សាកថ្មជីវិតខ្លួនឯង

ក្រោយពីបំពេញការងារដោយការនឿយហត់ជារៀងរាល់ថ្ងៃ អ្នកចាំបាច់បំផុតត្រូវការពេលសម្រាក លំហែកាយ និងចិត្ដ ដើម្បីសាកថ្មជីវិតអ្នកឲ្យស្រស់បំព្រងឡើងវិញ។ តើអ្នកមានធ្លាប់សួរខ្លួនឯងដែរឬទេ ប្រសិនបើអ្នកមានពេលទំនេរពេញមួយថ្ងៃដោយគ្មានសម្ពាធអ្វីទាំងអស់ តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីឲ្យខ្លួនឯងសប្បាយចិត្ដ?

៤. ក្រោកពីព្រលឹម

ការក្រោកពីព្រលឹមអាចជាការលំបាកសម្រាប់មនុស្សមួយចំនួន ប៉ុន្តែនេះមិនមែនមានន័យថាអ្នកទាំងអស់គ្នាត្រូវក្រោកនៅម៉ោងជាក់លាក់ណាមួយនោះទេ។ អ្នកទាំងអស់គ្នាសាកល្បងវិធីនេះមើល គឺក្រោកមុនម៉ោងដែលអ្នកទាំងអស់គ្នាភ្ញាក់ពីគេងរាល់ដង ហើយយកពេលនោះទៅគិតពិចារណា និងរៀបចំអាទិភាពការងារប្រចាំថ្ងៃ ថាត្រូវធ្វើអ្វីមុន និងក្រោយ។ ការធ្វើបែបនេះអាចសន្សំពេលវេលាច្រើន ហើយកាត់បន្ថយសម្ពាធការងារទៀតផង។

៥. ដកខ្លួនចេញពីបណ្ដាញសង្គម ឬបណ្ដាញអ៊ីនធើណេតនៅម៉ោងដែលអ្នកសម្រាក

ការសិក្សាស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅមុនពេលដែលអ្នកចូលគេង វានឹងប៉ះពាល់ដល់ដំណេក និងសុខភាពរបស់អ្នក។ រាងកាយរបស់អ្នកត្រូវការសម្រាកដូច្នេះ អ្នកគួរនៅឆ្ងាយពីឧបករណ៍ទាំងអស់នោះ ឬផ្អាកប្រើប្រាស់មុន១ម៉ោងមុនពេលចូលគេង។ អ្នកក៏អាចធ្វើសមាធិ៥ ទៅ១៥នាទីមុនពេលចូលគេង ឬអានសៀវភៅ ឬជួបជជែកលេងជាមួយក្រុមគ្រួសាររបស់អ្នក ដើម្បីបង្កើនភាពស្និតស្នាល និងភាពរីករាយ។

៦. ពេលខ្លះ អ្នកត្រូវការកែប្រែទម្លាប់ប្រចាំថ្ងៃរបស់អ្នក

អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថាទម្លាប់ប្រចាំថ្ងៃរបស់អ្នកមួយចំនួន គឺបានដាក់សម្ពាធដល់ជីវិតអ្នកជារៀងរាល់ថ្ងៃ ដូចជា ការមិនចេះគ្រប់គ្រងពេលវេលាធ្វើការងារ។ បើអ្នកទម្លាប់ទុកកិច្ចការដែលត្រូវធ្វើរហូតជិតដល់ថ្ងៃ deadline ចាំចាប់ផ្ដើមធ្វើ នោះអ្នកនឹងមានអារម្មណ៍ថាអ្នករងសម្ពាធយ៉ាងធំ ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អពេញមួយថ្ងៃក៏សឹងមាន។

៧. ចាប់ផ្ដើមពីសកម្មភាពតូចៗ និងងាយៗមុន

ពិតណាស់ការកែប្រែទម្លាប់នៅក្នុងរយៈពេលវាពិតជាពិបាកណាស់។ នៅខណៈពេលនេះ អ្វីដែលអ្នកគួរធ្វើ គឺសម្លឹងមើលសកម្មភាពណាដែលងាយផ្លាស់ប្ដូរ និងអាចផ្លាស់ប្ដូរបាន ដូចជា ការចាប់ផ្ដើមកាត់បន្ថយការលេងទូរស័ព្ទមុនពេលចូលគេង ទម្លាប់ដើរឲ្យបាន២ម៉ោងនៅរៀងរាល់ចុងសប្ដាហ៍ រៀនសូត្រអ្វីដែលថ្មីយ៉ាងតិចមួយក្នុង១សប្ដាហ៍ជាដើម។

ជារូមមក ការសម្រេចបាននូវតុល្យភាពការងារ និងជីវិត វាជារឿងចាំបាច់ណាស់សម្រាប់មនុស្សម្នាក់ៗ ដើម្បីទទួលបាននូវសេចក្ដីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ដ។ ចូរសាកល្បងកែប្រែទម្លាប់អាក្រក់ និងបង្កើនទម្លាប់ល្អឲ្យបានច្រើននៅក្នុងជីវិត។

———————————————————————–

ប្រភព៖ Forbes

គន្លឹះដើម្បីសម្រេចបាននូវតុល្យភាពការងារ និងជីវិត

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading