fbpx

ធ្លាប់តែបងប្អូនសួរ និងចង់បានការពន្យល់ងាយយល់អំពី Blockchain Technology។ តោះថ្ងៃនេះ #Admin សុំមកនិយាយតែម្ដង។

ធ្លាប់ដឹងថារូបិយប័ណ្ណគ្រីបតូ ដូចជា Bitcoin និង Ethereum ជាដើមបានប្រើប្រាស់បច្ចេកវិទ្យា Blockchain ហើយជាពិសេស បាគង របស់ធនាគារជាតិនៃកម្ពុជាយើងក៏បានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យានេះដែរ។ អ៊ីចឹងសុំនិយមន័យបច្ចេកវិទ្យា Blockchain មួយមក?

ជាការពន្យល់ងាយយល់គឺជា បច្ចេកវិទ្យាមួយផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះទៅ កាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀតដែលនៅក្នុងប្រព័ន្ធទូទាំងពិភពលោក ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការពិតប្រាកដ។ ប្រព័ន្ធនេះកត់ត្រារាល់ការទិញលក់ ជួញដូរ ដំណើរការសាច់ប្រាក់ និងទ្រព្យសម្បត្តិឌីជីថលរបស់អ្នកប្រើប្រាស់ ហើយទិន្នន័យទាំងអស់ដែលបានកត់ត្រា ក្នុងប្រព័ន្ធនេះមានសុវត្ថិភាពខ្ពស់ដោយមិនអាចមានជនណាមកកែប្រែ ឬប៉ះពាល់ទិន្នន័យទាំងនេះ បានទេ។

យើងអាចប្រៀបធៀបបានជាមួយនឹងវិស័យធនាគារយើងបច្ចុប្បន្ន។ អ្នកប្រើប្រាស់ម្នាក់ៗសុទ្ធតែមានគណនី ឬ Wallet ក្នុងដៃរៀងៗខ្លួន ប៉ុន្តែសម្រាប់ពេលផ្ទេរប្រាក់ម្ដងៗគឺត្រូវឆ្លងកាត់ធនាគារសិន ហើយធនាគារមានសិទ្ធិមើល និងគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់គ្នា ហើយគិតថ្លៃសេវាធនាគារពេលផ្ញើរប្រាក់ជាដើម។ យ៉ាងណាមិញ សម្រាប់បច្ចេកវិទ្យា Blockchain វិញ អ្នកប្រើប្រាស់នីមួយៗ អាចផ្ទុកទិន្នន័យរបស់ខ្លួនបានដោយសុវត្ថិភាព និងមានលេខកូដដ៏សម្ងាត់របស់ខ្លួន។ ពេលដែលចង់ផ្ទេរប្រាក់វិញ អ្នកប្រើប្រាស់អាចផ្ទេរបានដោយមិនចាំបាច់មានជនទី៣ ឬធនាគារសម្រាប់ជួយសម្របសម្រួលទេ ពោលគឺអ្នកប្រើប្រាស់ម្នាក់ៗអាចធ្វើប្រតិបត្តិការដោយខ្លួនឯងតែម្ដង។

តើមានអ្វីទៀតត្រួសៗឱ្យយើងដឹងអំពី Blockchain?

● អ្នកបង្កើតបច្ចេកវិទ្យានេះមានឈ្មោះថា Satoshi Nakamoto ដែលបានពន្យល់អំពីគោលការណ៍របស់ Bitcoin នៅឆ្នាំ ២០០៨

● អត្ថប្រយោជន៍មានដូចជា៖ ការប្រើប្រាស់ទូទាំងសកលលោក, សុវត្ថិភាពខ្ពស់, កាត់បន្ថយហានិភ័យ ជាដើម

● ការប្រើប្រាស់បច្ចេកវិទ្យានេះក្រៅពីលុយឌីជីថល មានដូចជា៖ ក្នុងវេជ្ជសាស្ត្រសម្រាប់ផ្ទុកទិន្នន័យ, កត់ត្រាទិន្នន័យអចលនទ្រព្យ, ការរៀបចំច្រវាក់ផលិតកម្ម, អ្នកសរសេរកូដអាចបង្កើតកម្មវិធិនានាលើបច្ចេកវិទ្យានេះបាន, ការប្រមូលផ្ដុំមូលនិធិ, ការបង្កើតរបស់ផ្សេងៗសម្រាប់លក់ ជាដើម។

———————————————————————–

អត្ថបទនេះសហការផលិតដោយ៖ Selendra Blockchain

ខ្លីៗងាយយល់អំពីប្លុកឆេន

Leave a Reply

Scroll to top
%d bloggers like this: